Radio of Buddhism in Cambodia

កក្តដា28th

ទិដ្ឋភាពទូទៅ

ក្នុងការចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិ និងអនុញាតទុក​នៅ ពុំមានពិធីអ្វីអមរួមផ្សំច្រើនទេ គឺកាលណាពេល វេលានៃការ ចូលព្រះវស្សាមកដល់ ព្រះភិក្ខុសង្ឃគ្រាន់តែ​ជួបជុំគ្នាក្នុងអាវាសវត្ត (ឧបោសថាគា) ហើយ អធិដ្ឋានបាលីចូល ព្រះវស្សាជាការស្រេច ។ ដោយឡែកការចូល​ព្រះវស្សានៅប្រទេសកម្ពុជា មានការអមដោយកម្មវិធីមួយចំនួនផ្សេងទៀតដូចជា ពិធីសិតទៀនព្រះវស្សា ការ​បរវណាទៀនព្រះវស្សា និងសំពត់សាដក (សំពត់ងូតទឹកភ្លៀង) ព្រមទាំងការបវរណាបច្ច័យបួន ដល់ភិក្ខុសង្ឃ​សម្រាប់ត្រៀមសម្រាប់ការប្រើប្រាស់ របស់ព្រះសង្ឃក្នុងរដូវចាំព្រះវស្សាជាដើម ។

រៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ពេលបុណ្យចូលព្រះវស្សាជិតចូលមកដល់ ពុទ្ធសាសនាខ្មែរ តែងតែនាំយកទៀន​ព្រះវស្សាមានតូច មានធំ និងសំពត់សាដក ព្រមទាំងបច្ច័យបួន ទៅប្រគេនព្រះសង្ឃសម្រាប់ចាំព្រះវស្សា ព្រោះ​ថាព្រះសង្ឃដែលបានបវរណាចូលព្រះ វស្សាហើយពុំអាននិមន្តត្រាច់ចរទៅទីឆ្ងាយ ដើម្បីបិណ្ឌបាត្របានទេ ។ ម្យ៉ាងវិញទៀតចំពោះសមណសិស្ស ដែលស្នាក់នៅរៀនសូត្រ​ឆ្ងាយស្រុកកំណើតត្រូវបានអនុញាតិឱ្យឈប់សំរាក​ចំនួនពីរសប្តាហ៍ ដើម្បីសួរសុខទុក្ខញោមញាតិនៅស្រុកកំណើត និងបិណ្ឌបាត្រ​បច្ច័យបួនសម្រាប់ត្រៀមចូល​ព្រះវស្សាផងដែរ ។

លុះដល់ថ្ងៃ ១៥កើត ខែអាសាឍ មុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ ពុទ្ធបរិស័ទតែងជួបជុំគ្នានៅវត្ត ដើម្បីហែទៀនព្រះ​វស្សា សាដក គ្រឿងបរិក្ខា និងគ្រឿងសក្ការៈប្រទក្សិណព្រះវិហារ បន្ទាប់មកនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងវេរ​ទៀនព្រះវស្សា និងបរិក្ខាផ្សេងៗដល់ព្រះសង្ឃ លុះព្រឹកឡើងមានពិធីវេរភក្តាហារដល់ព្រះសង្ឃទៀត ។ លុះដល់​ថ្ងៃ ១រោច ខែអាសាឍ ព្រះភិក្ខុសង្ឃជួបជុំគ្នានៅរោងឧបោសថ បន្ទាប់មកព្រះមហាថេរ មានប្រកាសអំពីការចូល​ព្រះវស្សា និងធ្វើការក្រើនរំលឹកអំពីវិន័យ ដែលទាក់ទងនឹងការចាំព្រះវស្សា ដល់ព្រះសង្ឃគ្រប់ព្រះអង្គបានជ្រាប បន្ទាប់មកព្រះភិក្ខុសង្ឃធ្វើការនមស្សការចំពោះព្រះរតនត្រ័យ លុះរួចរាល់ហើយ ព្រះសង្ឃក៏អធិដ្ឋានបាលីចូល​ព្រះវស្សាថា៖

“ឥមស្មឹ អាវាសេឥមំ តេមាសំ វស្សំ ឧបេមិ ។ទុតិយម្បិ ឥមស្មឹ …………វស្សំ ឧបេមិ ។ តតិយម្បិ ឥមស្មឹ ……………​វស្សំ ឧបេមិ ” ៕

ដែលមានន័យថា « ខ្ញុំព្រះករុណា សូមនៅចាំព្រះវស្សា អស់បីនៃខែក្នុងអាវាសនេះ ជាវារៈពីរដងផង និងជាវារៈបី​ដងផង » ជាកិច្ចបញ្ចប់នៃពិធីចូលព្រះវស្សា ។

បុព្វហេតុនៃការចូលព្រះវស្សា

Buddhism lent

សម័យនោះ ព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ គ្រានោះឯង ព្រះអង្គ មិនទាន់បានបញ្ញត្ត និងអនុញាត នៃការចាំព្រះវស្សានៅឡើយទេ ។ ភិក្ខុនាសម័យនោះក៏ ចេញដើរទៅកាន់ទីគោចរ ផ្សេងៗអស់​ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយមានពួកពាហរិសាសនាជាដើម (អ្នកកាន់​សាសនាដទៃ) ក៏ពោលទោស តិះដៀលបន្តុះបង្អាប់ថា ពួកសមណៈជាសាក្យបុត្តមិនសមបើនឹងដើរ (ខុសរដូវ​កាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឱ្យវិនាសសោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃជាអ្នកពោលធម៌ អាក្រក់​ក៏គង់នឹងសំងំឈប់សម្រាកចាំវស្សា ឬសូម្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើហើយសំងំ​ឈប់ សំរាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយនោះកំពុងលើកទោសបែបនោះ ពួកភិក្ខុសង្ឃក៏បានឮច្បាស់ នឹងត្រចៀកផ្ទាល់ ហើយក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូលថ្វាយដល់ព្រះសម្ពុទ្ធ ។ ព្រះសាស្តាទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំង ឡាយមកអនុញ្ញាតថា៖

«អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ» ៕

មានន័យថា «ម្នាល! ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុចូលព្រះវស្សា» ។

អត្ថប្រយោជន៍នៃការចូលព្រះវស្សា

ថេរវេលានៃការគង់ចាំព្រះវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសណាស់ សម្រាប់ព្រះសង្ឃក្នុងព្រះ​ពុទ្ធសាសនា ។ កាលមុនថ្ងៃចូលព្រះវស្សា ព្រះសង្ឃតែងចេញគោចរទៅទីផ្សេងៗ ដើម្បីផ្សាយសាសនា ឬសិក្សា​រៀនសូត្រនៅទីក្រៅអាវាស មានការប្រតិបត្តិវិបស្សនាធុរៈ ក្នុងព្រៃជ្រៅជាដើម តែកាលបើដល់ថ្ងៃចូលព្រះវស្សា​ហើយ ព្រះសង្ឃទាំងនោះត្រឡប់មក វត្តអារាមវិញ ។ ការជួបជុំរបស់ព្រះសង្ឃដែលនិមន្តមកពី កន្លែងផ្សេងគ្នា តែងនាំមកនូវបទ ពិសោធន៍ និងចំណេះដឹងផ្សេងៗគ្នា ពេលនោះព្រះអង្គអាចចែករំលែក និងបង្រៀននូវចំណេះ​ដឹងទាំងនោះដល់ព្រះភិក្ខុផងគ្នា ដែលមានចំណេះវិជ្ជាតិចតួចជាង ។ មិនត្រឹមតែប៉ុណ្ណោះការចូលព្រះវស្សា ជា​ពេល​វាលាតឹងរឹងមួយក្នុងការប្រតិបត្តិ របស់ព្រះសង្ឃមានន័យថា ព្រះអង្គព្យាយាមបំពេញ ទាំងវិបស្សនាធុរៈ ទាំង​គន្ថធុរៈ ឱ្យកាន់តែចាស់ក្លាជាងពេលណាៗទាំងអស់ ដើម្បីសន្សំផល្លាអានិសង្សសំរាប់ខ្លួនផង និងសម្រាប់​ជីវិត ដែលរស់នៅក្នុងលោកនេះផង ៕ ៚

(ឯកសារយោង៖ សៀវភៅកម្ពុជសុរិយា ទំព័៤៣ បោះពុម្ពឆ្នាំទី៤៩ លេខ២ ខែមេសា-ឧសភា- មិថុនា ពុទ្ធសករាជ២៥៣៩ គ្រឹស្តសករាជ១៩៩៥ ។)

គ្មានមតិ

គ្មានមតិ ។

RSS សំរាប់មតិស្តីអំពីអត្ថបទនេះ ​ TrackBack URL

សរសេរមតិ

:)