ស្ថានីយវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ មានកម្លាំងផ្សាយ 5KW ផ្សាយតាមរលកធាតុអាកាស FM 106.25MHz ត្រូវបានសាងសង់ឡើង រួចរាល់ក្រោម ព្រះរាជតម្រិះរបស់ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម រាជាគណៈ ថ្នាក់ទោនៃព្រះរាជណាចក្រ កម្ពុជា ដោយមានការចូលរួម ឧបត្ថម្ភទ្រព្យសម្បត្តិអំពី សំណាក់ពុទ្ធបរិស័ទព្រមទាំង អ្នកសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចំណាយ គិតជាទឹកប្រាក់អស់ ប្រមាណចំនួនជាង១៥ ម៉ឺន ដុល្លារ សហរដ្ឋអាមេរិច ។
ស្ថានីយវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ នេះគឺជាស្ថានីយវិទ្យុមានលក្ខណៈជាកម្មសិទ្ឋិសហគមន៍ពុទ្ឋបរិស័ទ ដែលប្រសូត្រឡើងដំបូងគេ និង មានតែមួយគត់ នៅក្នុងព្រះ រាជាណាចក្រកម្ពុជា ។ ស្ថានីយវិទ្យុនេះធ្វើការផ្សាយជាពិសេស គឺផ្តោតទាំងស្រុងទៅ លើការចូលរួមអប់រំ លើកកម្ពស់ភាពសុខដុំរមនា នៃសង្គមជាតិកម្ពុជាដោយផ្តើមចេញ ពីមូលដ្ឋានសីលធម៌សង្គមវប្បធម៌ជាតិ ព្រមទាំងយកទ្រឹស្តីពុទ្ធសាសនាធ្វើជាត្រីវិស័យ ដែលមានភារៈប្រកាសថា ៖
ភារៈប្រកាស
“វិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ FM 106.25MHz ធ្វើការផ្សព្វផ្សាយព្រះពុទ្ធសាសនា និង លើកស្ទួយការបដិបត្តិត្រឹមត្រូវ តាមព្រះពុទ្ធឱវាទ ដល់ប្រជាពលរដ្ឋកម្ពុជាដើម្បី ឱ្យក្លាយជា បរិស័ទដែលមាន ត្រៃសរណៈគមន៍ ជាទីពឹង ក្នុងការអភិវឌ្ឍន៍ជីវិត ប្រចាំថ្ងៃ ទាំងផ្នែកសេង្ឋកិច្ច ក្នុងសង្គម និងការអប់រំផ្លូវចិត្តដើម្បីថែទាំសតិបញ្ញា ។
“បើទោះបីជាមានសាលារៀន មានកម្មវិធីធម្មសាកច្ឆា បុច្ឆា វិសជ្ជនា ឫ ការនិមន្ត ទេសនា ក្នុងពិធីបុណ្យទាន នានាក្តី ក៏ហាក់បីដូចជា ប្រជាពុទ្ធបរិស័ទភាគច្រើន មិនទាន់បាន ទទួល ការចេះដឹង សុជីវធម៌ សីលធម៌ ឬ បានយល់អំពី ព្រះពុទ្ធសាសនា បានទូលំទូលាយ នៅឡើយ ។” – ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម
គោលបំណង:
“លើកកម្ពស់សន្តិភាពនៃសង្គមជាតិកម្ពុជាតាមរយៈការអប់រំផ្សព្វផ្សាយសីលធម៌សង្គម ដែលមានមូលដ្ឋានផ្តើមចេញពី វប្បធម៌ អរិយធម៌ជាតិកម្ពុជា និង យកទ្រឹស្តីព្រះពុទ្ឋ សាសនា ធ្វើជាត្រីវិស័យ និង លើកស្ទួយការបដិបត្តិធម្មៈព្រះពុទ្ធសាសនា ក្នុងជីវិត ប្រចាំថ្ងៃ ឱ្យមានវឌ្ឍនភាព និងសន្តិភាពជីវិត ដើម្បីឱ្យកាន់តែប្រសើរ និង ត្រឹមត្រូវ ទៅនឹងបញ្ហា ដែលជា សេចក្តីទុក្ខ របស់ប្រជាពុទ្ធបរិស័ទ ។ លើកកម្ពស់ការគោរពរដ្ឋ ធម្មនុញ្ញត្រង់មាត្រា៤ និង ៤៣ដែលបានចែងថា បាវចនារបស់ ព្រះរាជាណាចក្រ កម្ពុជាគឺ ជាតិ សាសនា ព្រះមហាក្សត្រ ហើយនិងពុទ្ធសាសនាជាសាសនារបស់រដ្ឋ !” ។
























